រឿងឆ្លងមេគង្គ
by Tararith and Chumnor
ខ្ញុំជាម៉ុង ដែលឡាវហៅពួកយើងថា ផៅម៉ុង ឬឡាវស៊ូង ពួកយើងមិន មែនជាមនុស្សព្រៃទេ តែខ្ញុំរស់នៅក្នុងព្រៃលើទឹកដី នៃប្រទេសកម្ពុជារស់ នៅក្នុងព្រៃដ៏ជ្រៅ ជាមួយជនជាតិម៉ុងឯទៀត គ្រួសារយើងធំមានចំនួន ជាង៥០នាក់។ ប្រវត្តិរបស់គ្រួសារខ្ញុំ គឺពួកយើងជាជនជាតិ ដែលគ្មានទឹក ដី យើងរស់នៅក្នុងប្រទេសឡាវ មុនពេលឪពុកខ្ញុំស្លាប់ លោកបានប្រាប់ នូវរឿងរ៉ាវដ៏ឈឺចាប់ដល់ខ្ញុំ។ ពុកប្រាប់ឲ្យខ្ញុំតាមរក ម៉ែ និងជនជាតិម៉ុងឯ ទៀត ដើម្បីរួបរួមគ្នាជួយសង្រ្គោះគ្នា ព្រោះជនជាតិម៉ុងយើងរងទុក្ខមក យូរហើយពុកថា “ចង្កឹះមួយបាច់គេកាច់មិនបាក់”។ តែខ្ញុំឃើញម៉ុងយើង អស់សង្ឃឹម ព្រោះយើងសង្រ្គាមរហូត ដែលមុននេះ ដូនតាយើងជួយ ទាហានឡាវ ច្បាំងជាមួយសៀមឈ្លានពាន ឥឡូវយើងជាអ្នកជំនាន់ថ្មី ធំ ដឹងក្ដីក្នុងព្រៃស្រោង ពួកយើងមិនចេះអក្សរ សូម្បីប្រពៃណីក៏ស្ទើរតែ បាត់បង់ដែរ ឯបុរសខ្លះវិញ ជក់កញ្ឆាអាភៀន ផឹកស្រា មិនសមជាទី សង្ឃឹមរបស់ដូនតាម៉ុង ដូចដែលខ្ញុំបានគិតឡើយ។
ខ្ញុំជាស្រីមែន តែខ្ញុំចាប់កាន់អាវុធនៅអាយុដប់ពីរឆ្នាំ គឺក្រោយពេលដែល ឪពុកខ្ញុំ និងបងប្អូនម៉ុងឯទៀតព្រាត់បែកគ្នានៅទន្លេមេគង្គ។ ខ្ញុំរស់រសាត់ អណ្ដែតជាមួយម៉ុងមិនមែនជាសាច់ញាតិ តែជាជាតិម៉ុងដូចគ្នា ពួកគេ តែងតែជួយទំនុកបម្រុង ជួយនាំទៅលាក់ខ្លួនក្នុងព្រៃ ពេលមានអាសន្ន មកដល់ម្តងៗ។ ជាងដប់ឆ្នាំហើយ ខ្ញុំមិនដែលឃើញទីក្រុងវៀងចន្ទន៍ និង ទីកំណើតដូនតា នៅឯឡុងឈាងម្ដងណាទេ ពួកយើងរត់ចោលភូមិដ្ឋាន រស់នៅប្ដូរកន្លែងក្នុងព្រៃដ៏ជ្រៅនេះ។ ចាស់ៗតែងដំណាលពីភាពត្រកាល ក្នុងភូមិម៉ុងឈ្មោះឡុងឈាង ពីវៀង ចន្ទន៍ និងសៃស៊ុមប៊ូន ខ្ញុំបានត្រឹម តែស្រមៃប៉ុណ្ណោះ។ ពួកគាត់និយាយពីភាពរីករាយតិចណាស់ ភាគ ច្រើនយើងពិភាក្សាគ្នារកច្រកចេញពី ព្រៃដ៏ងងឹតនេះ។
ព្រះអាទិត្យរះ តែរកមើលអ្វីមិនយល់ ព្រៃក្នុងតំបន់កន្ទុយនាគ លាក់ខ្លួន ពួកម៉ុងប្រកបដោយសុវត្តិភាព។ យើងនៅក្នុងព្រៃយូរដែរហើយ ម្ដង ម្កាល ចាស់ៗដំណាលប្រាប់ពីប្រវត្តិសាស្រ្ត តាមការចងចាំតៗគ្នា ដែល មិនដឹងថានេះជាភាពពិត ឬក៏មិនពិត ព្រោះពួកគាត់ខ្លះមិនចេះអក្សរផងទេ ព្រោះរវល់តែនឹងចម្បាំងរាំងជល់តាំងពីកើតដល់ចាស់។
ប្រវត្តិសាស្រ្តថា ទឹកដីម៉ុងពីមុននៅឯប្រទេសចិន យើងមានស្ដេចគ្រប់ គ្រងព្រះនាមជីយូ យើងនៅតែគោរពព្រះអង្គ ហើយសម័យនេះ យើង គោរពវីរៈភាពរបស់វីរជនវាំងប៉ាវ វីរៈជនវាំងប៉ាវបានភៀសខ្លួន ទៅរស់ នៅសហរដ្ឋអាមេរិក លោកជាអ្នកដឹកនាំសង្រ្គាមប្រឆាំង កំម្មុយនីស្តយួន និងឡាវក្រហមដែរ។ យ៉ាងណាក៏ដោយ ពួកគេសុទ្ធតែជាជនគំរូរបស់ជន ជាតិម៉ុងយើង។ ម៉ុងមានតែមួយប៉ុណ្ណោះ យើងជួយគ្នាណាស់ ដើម្បីជន ជាតិម៉ុងមានជីវិតតទៅវែងឆ្ងាយទៀត ដែលមានលោកវ៉ាំងប៉ាវជាគម្រូ។
ការចេះជួយគ្នានេះ ទើបជនជាតិម៉ុងយើងមានជីវិតដល់សព្វថ្ងៃ។ ឪពុក ខ្ញុំបានប្ដូរជីវិតរបស់គាត់ ដើម្បីជួយឲ្យម៉ុងទាំងឡាយ ឆ្លងផុតមេគង្គ គាត់ ស្លាប់មែន តែក្នុងចិត្តម៉ុងទាំងឡាយ ពេលពួកគេឃើញខ្ញុំ គេនិយាយពី ឪពុកខ្ញុំ គេនិយាយពីការប្រយុទ្ធដ៏ស៊ីសាច់ហុតឈាម ដែលពុកខ្ញុំបានធ្វើ ដើម្បីជួយពួកគេ៖
រដូវវស្សាភ្លៀងធ្លាក់ជោកជាំ នៅតំពន់ព្រៃភ្នំម្ដុំប៉ាកសេ ទីនេះជាជម្រកចុង ក្រោយរបស់អ្នកស្រុកឡុងឈាង ដែលនាំគ្នារត់គេចពីការតាមចាប់ របស់ទាហានឡាវក្រហម និងទាហានយួនកំម្មុយនីស្ដ កាលជំនាន់ សង្រ្គាម។ ពួកម៉ុងធ្វើដំណើររាប់ខែ ផ្លាស់ប្ដូរទីកន្លែងពីមួយទៅមួយ ដើម្បី គេចខ្លួនរកក្ដីសុខ។ ការចុះមកភាគខាងត្បូង ព្រោះតែមេក្រុមយល់ថា ម៉ុង ធ្លាប់ប្រយុទ្ធនឹងសៀម ប្រយុទ្ធនឹងយួន តែម៉ុងនឹងខ្មែរមិនដែលមាន ទំនាស់ឡើយ សង្ឃឹមថានឹងទទួលបានក្ដីអាណិតពី ខ្មែរជួយយកអាសារ ពួកយើង តែក្ដីប្រាថ្នា មិនបានដូចបំណងឯណា ព្រោះភាគខាងជើងនៃ ស្រុកខ្មែរក៏មានទាហានយួន ដែលតែងតែធ្វើ ទុកបុកម្នេញអ្នកនៅក្នុងព្រៃ ដូចជាពួកយើងដែរ។
ដំណើរដើមរឿងគឺ មានក្រុមប្រតិបត្តិការណ៍សម្ងាត់អាមេរិកាំង ស៊ី អាយ អេ បានបង្ហាត់បង្រៀនពួកម៉ុងឲ្យចេះធ្វើសឹក ដែលមានមូលដ្ឋាននៅឡាវ ជិតផ្លូវលំហូជីមិញ។ ម៉ុងទាំងឡាយស្ដាប់តាមមេកើយ ចូលទៅបម្រើ ទាហានអាមេរិកាំង ដើម្បីកំចាត់ពួកកំម្មុយនីស្ដឡាវ និងយួន ដែលកាល នោះ លទ្ធិកំម្មុយនីស បានរីករាលដាលចេញពីអ៊ឺរ៉ុបខាងកើត សហភាព សូវៀត និងចិនប្រជាមានិត ចូលមកស្រុកឡាវ និងយួន ឯប្រទេសកម្ពុជា ជាប្រទេសអព្យាក្រិត មិនចូលបក្ខសម្ព័ន្ធ តែមាននិន្នាការខាងប្លុកសង្គម និយមដែរ ព្រោះបានជួយជ្រោមជ្រែង ជួយរដ្ឋាភិបាលយួនខាងជើង ឲ្យ មានឧកាសវាយយួនខាងត្បូង ដែលជាអតីតដីខ្មែរខ្លួនឯង។
នៅចុងទសវត្សរ៍ទី៦០ សង្រ្គាមស្រុកយួនបានផ្ទុះឡើង ក្នុងខណៈ ស្រុក ខ្មែររស់នៅដោយសុខស្រួល។ ជនជាតិម៉ុងយើងស្លាប់ច្រើនណាស់ ក្រោយមកអាមេរិកាំងបាក់ទ័ពក្នុងសង្រ្គាមនៅក្នុងសង្រ្គាមនេះ។ ជម្លោះ នយោបាយ ការប្រកាន់ពូជសាសន៍ បានធ្វើឲ្យជនជាតិម៉ុង នាំគ្នាគេច ចេញពីភូមិស្រុកនៅប្រទេសឡាវ សំដៅរកទីសុខសាន្ដស្នាក់អាស្រ័យ ឯក្នុងព្រៃភ្នំវិញ។ ជនកុំម្មុយនីស្ដឡាវ ដែលជិតស្និទនឹងយួន ឬមានយួន នៅពីក្រោយ តែងតែធ្វើទុកបុកម្នេញដល់ពួកម៉ុងគ្មានលោះថ្ងៃ ធ្វើឲ្យម៉ុង រត់រករស់រៀងៗខ្លួនទាំងក្រុមៗ ចេញពីភូមិករសំដៅលាក់ខ្លួនក្នុងព្រៃភ្នំ និងទៅប្រទេសដទៃ មានសៀម និងខ្មែរជាដើម។ តែឡាវក្រហម និងយួន មិនដែលឲ្យជនជាតិម៉ុងយើង បានសុខម្ដងណាឡើយ។
សំណួរដដែលៗ បានចោទឡើង ព្រោះតែការផ្លាស់ប្ដូរទីកន្លែងរស់នៅ មានញឹកញាប់ពេក។ ម៉េចបានជាជនជាតិយើងនាំគ្នារត់ចេញពីដែនដីនេះ ? ម៉េចក៏ឡាវនិងយួនស្អប់ម៉ុងយើងម្ល៉េះ?
ឪពុកខ្ញុំបានប្រាប់ទៀតថា “ជនជាតិម៉ុងជាជនជាតិសេរី បានព្រមស្ម័គ្រ យកអាសារទាហានអាមេរិកាំង ក្នុងសង្រ្គាមវៀតណាម តែពេលដែល អាមេរិកដកថយត្រលប់ទៅស្រុកវិញ មេដឹកនាំរបស់យើងមួយចំនួនបាន ចេញទៅតាមអាមេរិកាំងចោលពួកយើង។ ជនជាតិម៉ុងជាកងប្រយុទ្ធ តូចៗដូចយើងទាំងនេះ ស្ថិតនៅកណ្ដាលព្រៃ គ្មានមេគ្មានកើយបញ្ជា មានអាវុធមិនគ្រប់គ្រាន់សម្រាប់ការពារខ្លួន ហើយត្រូវទាហានយួន និង ឡាវក្រហមតាមចាប់សម្លាប់ថែមទៀត។ ស្ថិតក្នុងការភ័យខ្លាចបែបនេះ អំបូរម៉ុង បាននាំគ្នារត់ទៅជ្រកពួននៅទីព្រៃជ្រៅ ឬរូងភ្នំសម្ងំយកសុខ មួយគ្រាៗ តាមដែលអាចធ្វើទៅបានៗ ពួកយើងរត់កាន់តែឆ្ងាយកាន់តែ ល្អ តែទឹកដីដ៏តូចនេះ នាំឲ្យពួកយើងវិលចុងវិលឡើងទៅមកក្នុងតំបន់ភ្នំ លើទឹកដីឡាវ និងភាគខ្លះនៃព្រៃភ្នំក្នុង ប្រទេសកម្ពុជាដដែល រង់ចាំ ឧកាសជួយសង្រ្គោះពីអង្គការមនុស្សធម៌ អង្គការសហប្រជាជាតិតែ ប៉ុណ្ណោះ”។
នរណាជាអ្នកជួយយើង?(ទាហានម្នាក់សួរទៅឪពុកខ្ញុំ) គឺគ្មាននរណា ក្រៅពីជនជាតិម៉ុងដូចគ្នា ដែលពួកគេកំពុងរស់នៅ ប្រទេសផ្សេងនានា ដូចជានៅអាមេរិក ពិសេសអង្គការមនុស្សធម៌ នានា និងអង្គការសហប្រជាជាតិឡើយ។
ពួកគេមកជួយយើងដោយរបៀបណាដែរ?(ស្រីម្នាក់ដែលកំពុងបំបៅកូនសួរបន្ដ)
គេនាំយើងទៅរកកន្លែងដែលមានសុវត្ថិភាពណាប្អូន។(មេក្រុមឆ្លើយ)
ខ្ញុំគិតក្នុងចិត្តម្នាក់ឯង អាណិតខ្លួន អាណិតម៉ុងឯទៀត ពិសេសក្មេងៗ មិន ទាន់ដឹងក្ដី ពួកគេកើតមកជាជនជាតិម៉ុង ដូនតាធ្លាប់មានប្រទេស មានទឹក ដី មានវប្បធម៌ មិនគួរណាអ្នកជំនាន់មុនៗយើង ប្រហែសបណ្ដោយឲ្យ គេជិះជាន់រហូតបាត់បង់ដែនដីទាំងមូល បណ្ដាលឲ្យអ្នកស្រករក្រោយ រត់រករស់យ៉ាងវេទនាតាមស្រុកគេអីចឹងឡើយ។ ខ្ញុំមិនបន្ទោសដូន តាម៉ុងទេ តែខ្ញុំស្ដាយ មិនគួរណាជនជាតិយើង ជួបភាពកម្សត់អភ័ព្វដល់ ម្លឹងសោះ។
ពេលនេះ ម៉ុងស្រករថ្មី ត្រូវតស៊ូ ត្រូវរស់។ មេក្រុមរបស់យើងម្នាក់ និយាយ “ទោះបីស្ថិតក្នុងស្ថានភាពបែបណា ពួកយើងត្រូវកាន់អាវុធ ជាប់ក្នុងដៃ ទាំងក្មេងទាំងចាស់ ព្រោះអាវុធ អាចធ្វើឲ្យសត្រូវខ្លាច រអារ អាចការពារខ្លួនបានផងដែរ”។
នៅអំឡុងឆ្នាំ១៩៦៧ ពួកម៉ុងរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ តាមយុទ្ធ សាស្រ្តសង្រ្គាម ដែលរៀបចំដោយអាមេរិកាំង និងមេកុលសម្ព័ន្ធជាតិ ម៉ុង។ យួនវៀតកុង ដែលមានការពិសោធក្នុងសង្រ្គាម បានសម្លាប់ ទាហានម៉ុង និងរាប់ពាន់នាក់ទៀតទៅជាជនពិការ។ ក្នុងសង្រ្គាមនេះម៉ុង ដែលមិនមានការយកចិត្តទុកដាក់ពីឡាវ កាន់តែឃ្លាតឆ្ងាយ ហើយទៅជា សត្រូវរបស់រដ្ឋាភិបាលនេះទៀតផង។
ទីតាំងដ៏សំខាន់របស់ទាហានម៉ុង ដែលត្រូវការពារគឺ ទប់ទល់នឹងការ ដឹក ជញ្ជូនស្បៀង និងទាហានពីក្រុងហាណូយ តាមផ្លូវលំហូជីមិញ ឆ្ពោះទៅ ដែនដីសណ្ដរកម្ពុជាក្រោម។ នៅលើផ្លូវលំហូជីមិញ យួនខាងជើងលំបាក ដឹកជញ្ជួនសព្វាវុធមកកម្ពុជាក្រោមណាស់ ណាមួយផ្លូវឆ្ងាយ ណាមួយ ពួកម៉ុងទប់ស្គាត់ ដូច្នេះទាំងស្បៀង និងអាវុធ ដែលជាជំនួយរបស់មិត្ត កំម្មុយនីស្ដ ត្រូវឆ្លងកាត់ប្រទេសកម្ពុជា តាមច្រកកំពង់ផែកំពង់សោម វិញ ជាហេតុធ្វើឲ្យអាមេរិកាំងពិបាកច្បាំង រត់ចោលសមរភូមិ ឯម៉ុង យើងក៏បែកសំបុក បាក់ទ័ពចាញ់សង្រ្គាមផងដែរ។
ព្រះអាទិត្យជិតលិចហើយ មេឃចាប់ផ្ដើមងងឹតបន្ដិចម្ដងៗ នៅកណ្ដាល ព្រៃស្ងាត់ជ្រងំ សំឡេងសត្វ ស្លាបដែលរៀបចូលសំបុកដែរនោះ បាន ផ្អើសឈុលហើរលើអាកាស ដែលជាសញ្ញាបញ្ជាក់ថា នៅមិនឆ្ងាយ ប៉ុន្មានពីជំរំពួកម៉ុង ស្នាក់នៅ មានមនុស្សឆ្លងកាត់។ សញ្ញានេះ ធ្វើឲ្យ មេក្រុមប្រញាប់ បញ្ជូនមនុស្សទៅស៊ើបការណ៍ជាបន្ទាន់ ហើយបញ្ជា ឲ្យពន្លត់ភ្លើងជើង ក្រានយ៉ាងប្រញាប់ប្រញាល់ដែរ “មានសត្រូវសំដៅ មកយើងហើយ បងប្អូនឆាប់ពន្លត់ភ្លើង រៀបចំចេញដំណើរភ្លាម មួយ ចំនួនទៀត ប្រញាប់ទៅស្ទាក់ផ្លូវពួកវា បើវាមានទិសដៅសំដៅមកទីនេះ ឆាប់ឲ្យសញ្ញាភ្លាម”។ ទាហានម៉ុងទទួលបញ្ជា ចេញទៅបំពេញភារៈកិច្ច គ្រប់ៗគ្នា ហើយគេសន្មត់ជួបគ្នានៅឯព្រៃនាមាត់ទន្លេមេគង្គ។
តាំងពីចប់សង្រ្គាមវៀតណាម ពួកម៉ុងនៅតែជាមុខសញ្ញារបស់ពួកយួន ប្រជាជនម៉ុងជាច្រើន ត្រូវរស់នៅចល័តទីតាំង រស់តែក្នុងព្រៃជ្រៅជាមួយ សត្វព្រៃ និងគ្មានម្ហូបអាហារគ្រប់គ្រាន់ គ្មានថ្នាំសង្កូវសម្រាប់ព្យាបាល ខ្លួន ជាងនេះទៀត ពួកយើងបាត់បង់ទំនៀមទម្លាប់ចោលស្ទើរតែទាំងអស់ ព្រោះតែមិនមានភូមិករ ផ្ទះសម្បែងរស់នៅច្បាស់លាស់។
អ្នកតាមប្រមាញ់ជនជាតិម៉ុង មិនដែលឈប់ម្ដងណាឡើយ។ យុវជនម៉ុង ជំនាន់សង្រ្គាមវៀតណាម រែកពុនសង្រ្គាមនេះដោយលំបាក លំបិនបំផុត ហើយគ្មានឧកាសចូលសាលារៀនទេ។ ពួកគេគឺជាទ័ពព្រៃ ដែលរស់នៅ លើទឹកដីឡាវ ពួកគេជាអ្នកតស៊ូ ដើម្បីសេរីភាព ព្រោះឡាវ និងយួនតែង តែជិះជាន់ កៀបសង្កត់ យកដីធ្លីរបស់យើង ពិសេសតែងធ្វើទុកបុកម្នេញ រាវរក ឬចោទដល់ពួកម៉ុងថា ជាអ្នកបម្រើអាមេរិកាំង ថាជាសេអីអា ឬ ថា ជាជនក្បត់ ដែលត្រូវចាប់ និងកំចាត់ចោល។
ទាហានម៉ុង ដែលបាក់ទ័ពរាប់ខែទៅហើយ នៅតែជាអ្នកចាញ់ នៅតែរត់ គេចខ្លួន នៅតែភៀសខ្លួនចេញពីការតាមចាប់ដដែល។ ទាហានម៉ុង បាន មកដល់ទីណាត់នៅមាត់ទន្លេមេគង្គ ពួកយើងច្បាំងទប់ជាមួយសត្រូវទាំង អស់ដៃអស់ជើង បាត់ម្ចាស់ការ ព្រោះតែសត្រូវបាញ់សន្ធាប់មកច្រើន ពេក។
ទឹកកករល្អក់ហូរបោកបក់នាំយកទៅជាមួយល្បាប់ដី និងដើមឈើខ្លះ ដួលរលំរសាត់មកពីព្រៃខាងលើៗហូរចុះមក។ នៅរដូវវស្សាភ្លៀង រន្ទះ ផ្គរ គួរអាសូរដល់សត្វលោក ដែលគ្មានជម្រក រត់រកទីស្នាក់អាស្រ័យ ដើម្បីបានរួចផុតជីវិតពីការកាប់សម្លាប់ដ៏ប្រល័យ។ មនុស្សមន្នាជាច្រើន មានក្មេងចាស់ ប្រុសស្រី ពិសេសកុមារតូចៗ ដែលនៅលើដៃម្ដាយ យំ ស្ទើរតែបាត់សំឡេងទៅហើយ ចាស់ៗនាំគ្នារត់លូន គេចពីការតាមចាប់ របស់ទាហាន ដែលជាអ្នកកាន់កាប់រដ្ឋអំណាច។
អស់ផ្លូវរត់ទៀតហើយ ទន្លេមេគង្គដ៏ធំល្វឹងល្វើយ មានទឹកហូរត្របាញ់កួច ខ្លាំងណាស់។ ឪព្រះអើយ ម្ដេចក៏ពួកគេសាហាវឃោរឃៅម្ល៉េះ? សំឡេង ទ្រហោយំ របស់ស្រ្ដីចំណាស់ខ្លះ កាន់តែធ្វើឲ្យអ្នកចាញ់សង្រ្គាម រឹតតែ អនោចអធមទៅទៀត ម្នាក់ៗរត់យកតែខ្លួន គេចពីគ្រាប់កាំភ្លើង ដែលផ្ទុះ ក្បែរៗខ្លួន។ ទោះបីស្ថានភាពច្របូកច្របល់បែបនេះក្តី មេកើយរបស់ពួក យើងដែលដឹកនាំក្រុមនេះ នៅតែរកមធ្យោបាយ ដើម្បីជំលៀសប្រជាជន ឲ្យគេចផុតពីការតាមចាប់ ពីការសម្លាប់របស់សត្រូវ។ គាត់ស្រែកថា “សូមបងប្អូនបាត់យំទៅ! យំមិនអាចដោះស្រាយបញ្ហាបានទេ ឬមួយចង់ ឲ្យពួកវាឮមកសម្លាប់ទាំងអស់គ្នា? គ្មានចម្លើយ ពួកគេឈប់យំព្រមៗគ្នា តែទឹកភ្នែករបស់ ពួកគេនៅតែហូរ អ្នកខ្លះយកដៃខ្ទប់មាត់កូនតូចៗ ដែល កំពុងយំកុំឲ្យឮ ហើយរត់តាមការចង្អុលណែនាំរបស់អ្នកនាំផ្លូវ។
គ្មានធម្យោបាយណាឆ្លងទៅត្រើយម្ខាង ហើយក៏មិនប្រាកដថា នៅត្រើយ ខាងនោះគ្មានសត្រូវដែរ។ មួយស្របក់ គេក៏ប្រាប់ឲ្យប្រុសៗប្រមូលមែក ឈើ ដើមឈើងាប់ពុកផុយ ដែលនៅក្បែរនោះ ចងផ្អោបគ្នាដោយវល្លិ៍ និងខ្សែរអង្រឹង ហើយរុញទម្លាក់ទឹក បញ្ជូនស្រីៗ និងកុមារឆ្លងកាត់ទន្លេ មេគង្គ ដែលមានទឹកហូររសាត់ទប់មិនជាប់។
នៅលើអាកាសសំឡេងផ្គររន្ទះលាន់មិនដាច់ បន្លាចបំភ័យដល់អ្នក ដែល កំពុងត្រូវការការសង្រ្គោះ ឯនៅលើគោកវិញសំឡេងគ្រាប់ផ្ទុះ សំឡេង ស្រែកឲ្យជួយព្រោះត្រូវរបួស សំឡេងក្មេងតូចៗយំ ព្រោះតែភ័យខ្លាច លាន់ទ្រហឹង។ “ស្រីៗ និងក្មេងៗ ចុះទឹកឲ្យឆាប់ទៅ។ ពួក យើងប្រឹងទប់ ទល់” នេះជាសំឡេងបញ្ជារបស់មេក្រុម។
ម្នាក់ៗស្ទុះស្ទាររត់រកទីលាក់ខ្លួនពីគ្រាប់កាំភ្លើងរបស់សត្រូវ ក្មេងៗយំមិន បាត់ ឯអ្នកដែលមានកាំភ្លើងជាប់ដៃ ក៏បាញ់តបវិញ តែមិនបានធ្វើឲ្យ សត្រូវខ្លបខ្លាចឡើយ។ នៅឯក្នុងទន្លេមេគង្គវិញក្បូនបណ្ដែត បានរសាត់ តាមទឹកហូរ តែអាសូរពួកម៉ុងណាស់ ដែលអ្នកខ្លះតោងក្បូនមិនចាប់ត្រូវ ទឹកកួចយកទៅបាត់ ក្មេងៗតូចៗជាច្រើននាក់ និងម្ដាយរបស់ពួកគេ ត្រូវ ទឹកកួចពន្លិចទៅក្នុងទន្លេ ព្រាត់ប្រាសគ្នា ដោយសេចក្ដីរន្ធត់បំផុត។
ទាហានឡាវ យួន ដ៏ច្រើនសន្ធឹកសន្ធាប់មិនបង្អង់ដៃ សម្រុកវាយលុក ផ្ដាច់ពូជពួកម៉ុង សង្រ្គាមទ័លច្រកនៅមាត់ច្រាំងមេគង្គ។ ឃើញស្ថានភាព មិនស្រួល ណាមួយរត់គេចខ្លួនពីការឈ្លានីសច្រើនថ្ងៃមកហើយ អស់ កម្លាំងកំហែង ទាហានម៉ុងបាញ់តបតបានតែបន្ដិច ក៏រត់បោះបង់ការ ប្រយុទ្ធ ម៉ុងខ្លះត្រូវគេចាប់បាន ខ្លះត្រូវគេសម្លាប់ ខ្លះទៀតលោតទម្លាក់ ទឹកបណ្ដែតខ្លួនលើផ្ទៃទឹកមេគង្គ។
ម៉ុងចាញ់ហើយ។ មេកុលសម្ព័ន្ធ និងពលទាហានរបស់ខ្លួន ដែលសេស សល់ពីស្លាប់នាំគ្នាលោតចូលទៅក្នុងទន្លេ ហែលយករួចខ្លួន ដោយកម្លាំង កាយ កម្លាំងចិត្តរបស់ខ្លួន តែសត្រូវរបស់ពួកគេ មិនអនុញាតឲ្យគេរួច ខ្លួនដោយងាយៗឡើយ។ ពួកទាហានម៉ុងខ្លះត្រូវរង គ្រាប់កាំភ្លើងរបស់ស ត្រូវស្លាប់ភ្លាមៗ។ ឈាមជនជាតិម៉ុងហូរឡាយទឹកទន្លេមេគង្គ គួរឲ្យ សង្វេគពេកណាស់។
មិនមែនមានតែពួកម៉ុងទេ ដែលពួកយួន និងឡាវក្រហមតាមសម្លាប់ ទាហានអាមេរិកាំងដែលបាក់ទ័ព ក៏រត់រកជំនួយពីទាហានអាកាស អាមេរិកដែរ។ យន្តហោះអាមេរិកតាមឆ្មក់ តាមឈ្លបជួយទាហានរបស់ ខ្លួន និងជនជាតិម៉ុងខ្លះ តែមានឧកាសតិចណាស់ ព្រោះនៅតំបន់ភ្នំ ព្រៃ ក្រាស់ៗពេក ហើយពួកយួន តែងតែរំខានមិនឲ្យយន្តហោះចុះចតបាន ទៀតផង។
ពេលអាមេរិកាំងចាញ់សង្រ្គាមនៅយួន ពួកម៉ុងច្បាំងតតាំងជាមួយបច្ចា មិត្ត មិនមែនដើម្បីទាមទារទឹកដីអីទេ តែដើម្បីការពារខ្លួនរបស់ពួកយើង មេដឹកនាំម៉ុង ដែលបែកបាក់ បានព្យាយាមចរចារជាមួយឡាវក្រហម សុំ សន្ដិភាពជាមួយគ្នា តែឡាវទាំងនោះមិនអនុគ្រោះឡើយ គេរឹតតែតាម ធ្វើទុកបុកម្នេញជនជាតិម៉ុង ដោយគេចងគំនុំនឹង ម៉ុងដែលបានជួយ អាមេរិកច្បាំងនឹងយួន។
ព្រះអាទិត្យលិចបាត់ទៅ ព្រះច័ន្ទក៏មិនរេះបំភ្លឺដែនដីសង្រ្គាមដែរ ពួក ទាហានម៉ុងដែលរត់ហែលឆ្លងទន្លេមេគង្គ ខំប្រឹងណាស់ ទន្លេមេគង្គដ៏ធំ ម៉ុងរាប់សិបនាក់ បំរះហែលយករួចជីវិត តែមានម៉ុងតិចណាស់ ដែល ហែលឆ្លងផុតរួចជីវិត។ មេក្រុមវូ ជាឪពុកមារបស់ខ្ញុំ ដែលជាអ្នកដឹក នាំក្រុមនេះម្នាក់ដែរ ត្រូវទាហានយួន និងពួកប៉ាថេតឡាវបាញ់ស្លាប់ នៅ ក្នុងទន្លេមេគង្គ ធ្វើឲ្យអ្នករស់រានមានជីវិតសោកស្ដាយលោកមាពន់ពេក។ សាកសពជនជាតិម៉ុងផុសអណ្ដែតម្ដងមួយៗ ទន្ទឹមនឹងក្បូនរបស់យើង យើងយំគ្រប់គ្នា យំអាណិតពួកវីរជនទាំងនេះ មិនគួរណាជនជាតិម៉ុង យើង មានជីវិតអណោចអធមបែបនេះ ឡើយ។
ខ្ញុំឈ្មោះយីស៊ី ខ្ញុំ និងបងប្អូនឯទៀត រៀបចំគេចពីទឹកដីព្រៃខ្មែរ ព្រោះនៅ ដើមឆ្នាំ១៩៨០នេះ យួនបានចូលលុកលុយស្រុកខ្មែរហើយ។ ពីមុនយើង សង្ឃឹមថា ការមកនៅលើទឹកដីនេះនឹងបានរួចជីវិត ផុតពីការតាមសម្លាប់ របស់ទាហានយួន និងពួកប៉ាថេតឡាវ តែក្រុមយើងនៅតែរត់គេចពីការ តាមចាប់ដដែល។
ម៉ុងយើងបានរួចជីវិត ដោយសារក្បូនបណ្ដែតតាមទឹកនៅទន្លេមេគង្គ បានការជួយសង្រ្គោះយកអាសារពីជនជាតិភាគតិចកាចក់ ពួកគេមាន ចិត្តល្អណាស់ យើងនិយាយគ្នាស្ដាប់មិនបានមែន តែពួកអ្នកទាំងនេះ យល់ពីការចាំបាច់របស់យើង គេឲ្យម្ហូបអាហារ និងថ្នាំបុរាណ ហើយ ថែមទាំងជួយព្យាបាលពួកយើង ដោយលាក់កំបាំងពីភ្នែកច្រមុះ អជ្ញាធរ ខ្មែរយួនទៀតផង។
តាំងពីជំនាន់សង្រ្គាមស្រុកយួន រហូតដល់ឆ្នាំ១៩៨០ គ្មានពេលណាមួយ ដែលម៉ុងក្រុមនេះបានសុខឡើយ ចុងក្រោយយើងរសាត់តាម ទន្លេមេគង្គ ជាច្រើនថ្ងៃ ដោយក្ដីភ័យភិតបំផុតមកដល់ស្រុកខ្មែរ យើងមិនចង់ជួប អនុស្សាវរីយ៍បែបនេះទៀតទេ។
ខ្ញុំនៅតែភិតភ័យនៅឡើយ ភិតភ័យព្រោះតែវត្តមានរបស់យួនដ៏ច្រើន សន្ធឹកសន្ធាប់ ដែលចូលលុកលុយប្រទេសខ្មែរ។ ពួកម៉ុងយើងមិនអាច ទៅណាបានទៀតទេ មានតែទ្រាំរស់ក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា រង់ ចាំការជួយសង្រ្គោះឲ្យមានសេរីភាពតែប៉ុណ្ណោះ៕
សូមរង់ចាំអានអត្ថបទរឿងជាភាសាឡាវ