Friday 29 June 2012

ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​​​ជាង​៣០០​អង្គ-​នាក់ តវ៉ា​ប្រឆាំង​ និង​ការ​សាង​សង់​ទំនប់​វារី​​អគ្គិសនី​នៅ​ប្រទេស​ឡាវ

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៤២
ខេត្ត​កំពង់ចាម ៖ ​ ពីខេត្តកំពង់ចាមមាន​សេចក្តីរាយការណ៏មកថា នៅព្រឹកថ្ងៃទី២៩ មិថុនា ២០១២នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋ​មក​ពីតាមបណ្តាស្រុក ដែលស្ថិតនៅតាមដង​ទន្លេមេគង្គច្រើនជាង៣០០អង្គ-នាក់ បាន​ដង្ហែ​ក្បួនចេញពីវត្តអង្គរបាជ័យ ឆ្ពោះមកជួប​ជុំគ្នា​នៅមាត់ទន្លេក្រោមស្ពានគីហ្សូណា ក្នុងទីរួម​ខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងប្រទេសឡាវដែលគ្រោងសាងសង់​ទំនប់វារីអគ្គិស​នី សាយ៉ា​បូរី ។
              គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី២៥ មីនា ២០១១កន្លងទៅ គណៈកម្មការទន្លេមេ​គង្គ​ដែលមានកម្ពុជា វៀតណាម ឡាវ និងថៃ បាន​បើកកិច្ចប្រជុំដើម្បីពិភាក្សាគ្នាអំពីកង្វល់ និងផល​ប៉ះពាល់នានានៃគម្រោងសាងសង់ទំនប់នេះ។ ជាមួយគ្នានេះដែរ អង្គការសង្គម​ស៊ីវិលមិន​មែន​រដ្ឋាភិបាលចំនួន២៦៣ មកពី៥១ប្រទេសបាន​ផ្ញើលិខិតរួមមួយស្នើសុំឲ្យប្រទេសឡាវ លុបចោលគម្រោងសាង​សង់​ទំនប់​វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ។
            សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ​ដែលមានប្រទេសឡាវ ថៃ វៀតណាម និង​កម្ពុជា បានចុះហត្ថលេខារួមគ្នាមួយ​កាលពីខែ​មេសាឆ្នាំ១៩៩៥ លើកិច្ចព្រមព្រៀងស្ដីពីការប្រើ​ទឹក​ទន្លេមេគង្គដោយយុត្តិធម៌ និងសមធម៌ ដែល​កិច្ចព្រមព្រៀង​នេះផ្ដោត​សំខាន់​លើការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍទឹកឲ្យសមធម៌។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងបានសរសេរថា ការ​ប្រើប្រាស់ទឹក​នៅលើទន្លេមេគង្គ គណៈកម្ម​ការទន្លេមេគង្គត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បីឈានទៅរកការឯកភាពគ្នា ។ មិន​ត្រូវ​រំលោភ​សិទ្ធិទៅលើប្រទេសដទៃនោះទេ ក្នុងការប្រើប្រាស់ទឹកទន្លេ ទោះបីជានៅ​ក្នុងក្រប​ខណ្ឌនៃប្រទេសរបស់ខ្លួននោះក្ដី ។
             ទំនប់វារីអគ្គិសនីសាយ៉ាបុរីតម្លៃ៣,៥ពាន់​លានដុល្លារ ដែលកាន់កាប់ភាគហ៊ុនភាគ​ច្រើន​ដោយក្រុមហ៊ុនថៃ ត្រូវបានគេរំពឹងថា​នឹង​ផលិត​បានថាមពលអគ្គិសនីទំហំ១.២៨៥​មេហ្កាវ៉ាត់ ក្រោយពីទំនប់វារីអគ្គិសនី​ដំបូង​គេនេះ​ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ​២០១៩ ហើយ​ប្រទេសថៃ កាលពីខែធ្នូឆ្នាំមុន បានឯក​ភាព​ទទួលទិញថាមពលអគ្គិសនីពីរោង​ចក្រ​មួយ​នេះ​ចំនួន៩៥ភាគរយ ៕

ចម្លងអត្ថបទទាំងស្រុងពី កោះសន្តិភាព

Monday 25 June 2012

កម្ពុជាចង់ឲ្យមាន ស្នាក់ការ ទំនាក់ទំនង នៅតាម ព្រំដែន ជាមួយឡាវ

កម្ពុជាចង់ឲ្យមាន ស្នាក់ការ ទំនាក់ទំនង នៅតាម ព្រំដែន ជាមួយឡាវ

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក និងជានាយរង សេនាធិការចម្រុះ និងជានាយកទីចាត់ ការការងារព្រំដែន នៃអគ្គបញ្ជា ការលោក សៀក សុជាតិ បានអំពាវនាវ ដល់ភាគី ឡាវ គួរតែបង្កើត ឲ្យមានស្នាក់ការមួយ ដ៏សមគួរ នៅតាមព្រំដែន សម្រាប់ទំនាក់ ទំនង និងសហប្រតិបត្តិការតាមព្រំដែនរវាងកម្ពុជា-ឡាវ ដើម្បីផ្តល់ភាព ងាយស្រួលផ្នែកការចរចារជាមួយប្រទេស ទាំងពីរខាងព្រំដែន ពោលមានបញ្ហា ណាមួយបានកើតឡើង។
ការអំពាវនាវ យ៉ាងដូច្នេះបានធ្វើឡើងក្នុងកិច្ចជំនួប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ នៅអគ្គនាយក ដ្ឋានមេបញ្ជាការកងទ័ពជាមួយសមភាគីឡាវ ដែលដឹកនាំ ដោយនាយក នាយកដ្ឋានព្រំដែន-ផែនទី អគ្គសេនា ធិការ នៃកងទ័ពប្រជាជនឡាវ លោក ស៊ីផាន់ ភុតថាក់វង្ស។ ក្នុងកិច្ចជំនួប ជាងមួយម៉ោង ឧត្តមសេនីយ៍ ឯក សៀក សុជាតិ បានបើកកិច្ចពិភាក្សាជាច្រើនជាមួយនិងឡាវ ទាក់ទង បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
របៀបវរៈ ដែលភាគីកម្ពុជា ចង់ឲ្យប្រទេសឡាវ ភូមិ ផងរបងតែមួយ គាំទ្រដល់សំណើររបស់ខ្លួន ដូច ជាបញ្ហាសន្តិសុខតាមបណ្តាព្រំដែន ការងារសហការ និងទំនាក់ទំនង ជាពិសេស បង្កើតឲ្យមានស្នាក់ការទំនាក់ ទំនង និងសហប្រតិបត្តិការព្រំដែន កម្ពុជា-ឡាវ និងសូមកុំឲ្យមានការបាញ់បោះ ដល់ប្រជាពលរដ្ឋ ដែលឆ្លងដែន ខុសច្បាប់ជាបន្តទៀត។
ឆ្លើយតបនឹងការអំពាវនាវរបស់ភាគីកម្ពុជា លោក ស៊ីផាន់ ភុតថាក់វង្ស នឹងពាំនាំយកសំណើរទាំងនេះទៅកាន់ ថ្នាក់លើរបស់លោកឲ្យពិចារណា ហើយនឹងផ្តល់ដំណឹងត្រឡប់មកវិញ នាពេលឆាប់ៗនេះ តាមរយៈការទូតរវាង ប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ លោក ស៊ីផាន់ ភុតថាក់វង្ស ក៏បានស្នើដល់កម្ពុជា គួរតែសហការគ្នាបន្ថែមទៀត ទាក់ទងនឹងបញ្ហាព្រំដែន ត្រូវតែមានការដោះស្រាយរួមគ្នារវាងប្រទេសទាំងពីរ ជាពិសេសបទឧក្រិដ្ឋនានា ដូចជា បទល្មើសគ្រឿងញៀនជាដើម។
ប្រទេសកម្ពុជា និងឡាវ មានព្រំដែនជាប់គ្នា ជិត ៦០០គីឡូម៉ែត្រ ហើយបច្ចុប្បន្នប្រទេសទាំងពីរ បាន បោះបង្គោល ដើម្បីកំណត់ព្រំដែន បាន១២៦បង្គោលហើយ។ សម្រាប់ទិសដៅ ដែលនៅសេសសល់ប្រទេស ទាំងពីរកំពុងសហការគ្នាត្រួតពិនិត្យ នាពេលខាងមុខនេះបន្តទៀត។
សូមបញ្ជាក់ថា ក្នុងកិច្ចជំនួបរវាងឧត្តមសេនីយ៍ឯក សៀក សុជាតិ ជាមួយនិងភាគីឡាវនេះ ជាលើកទីមួយហើយបន្ទាប់ពីលោកបានទទួលងារជា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនមកនោះ ហើយភាគីឡាវ នឹងអញ្ជើញលោកឲ្យទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសខ្លួនផងដែរ ដើម្បីបញ្ជាក់អំពីទំនាក់ទំនង ចំណងមិត្តភាពរវាងប្រទេសទាំងពីរខាងកិច្ចការព្រំដែនបន្ថែមទៀត៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com