Friday, 29 June 2012

ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​​​ជាង​៣០០​អង្គ-​នាក់ តវ៉ា​ប្រឆាំង​ និង​ការ​សាង​សង់​ទំនប់​វារី​​អគ្គិសនី​នៅ​ប្រទេស​ឡាវ

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៤២
ខេត្ត​កំពង់ចាម ៖ ​ ពីខេត្តកំពង់ចាមមាន​សេចក្តីរាយការណ៏មកថា នៅព្រឹកថ្ងៃទី២៩ មិថុនា ២០១២នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋ​មក​ពីតាមបណ្តាស្រុក ដែលស្ថិតនៅតាមដង​ទន្លេមេគង្គច្រើនជាង៣០០អង្គ-នាក់ បាន​ដង្ហែ​ក្បួនចេញពីវត្តអង្គរបាជ័យ ឆ្ពោះមកជួប​ជុំគ្នា​នៅមាត់ទន្លេក្រោមស្ពានគីហ្សូណា ក្នុងទីរួម​ខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងប្រទេសឡាវដែលគ្រោងសាងសង់​ទំនប់វារីអគ្គិស​នី សាយ៉ា​បូរី ។
              គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី២៥ មីនា ២០១១កន្លងទៅ គណៈកម្មការទន្លេមេ​គង្គ​ដែលមានកម្ពុជា វៀតណាម ឡាវ និងថៃ បាន​បើកកិច្ចប្រជុំដើម្បីពិភាក្សាគ្នាអំពីកង្វល់ និងផល​ប៉ះពាល់នានានៃគម្រោងសាងសង់ទំនប់នេះ។ ជាមួយគ្នានេះដែរ អង្គការសង្គម​ស៊ីវិលមិន​មែន​រដ្ឋាភិបាលចំនួន២៦៣ មកពី៥១ប្រទេសបាន​ផ្ញើលិខិតរួមមួយស្នើសុំឲ្យប្រទេសឡាវ លុបចោលគម្រោងសាង​សង់​ទំនប់​វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ។
            សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ​ដែលមានប្រទេសឡាវ ថៃ វៀតណាម និង​កម្ពុជា បានចុះហត្ថលេខារួមគ្នាមួយ​កាលពីខែ​មេសាឆ្នាំ១៩៩៥ លើកិច្ចព្រមព្រៀងស្ដីពីការប្រើ​ទឹក​ទន្លេមេគង្គដោយយុត្តិធម៌ និងសមធម៌ ដែល​កិច្ចព្រមព្រៀង​នេះផ្ដោត​សំខាន់​លើការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍទឹកឲ្យសមធម៌។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងបានសរសេរថា ការ​ប្រើប្រាស់ទឹក​នៅលើទន្លេមេគង្គ គណៈកម្ម​ការទន្លេមេគង្គត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បីឈានទៅរកការឯកភាពគ្នា ។ មិន​ត្រូវ​រំលោភ​សិទ្ធិទៅលើប្រទេសដទៃនោះទេ ក្នុងការប្រើប្រាស់ទឹកទន្លេ ទោះបីជានៅ​ក្នុងក្រប​ខណ្ឌនៃប្រទេសរបស់ខ្លួននោះក្ដី ។
             ទំនប់វារីអគ្គិសនីសាយ៉ាបុរីតម្លៃ៣,៥ពាន់​លានដុល្លារ ដែលកាន់កាប់ភាគហ៊ុនភាគ​ច្រើន​ដោយក្រុមហ៊ុនថៃ ត្រូវបានគេរំពឹងថា​នឹង​ផលិត​បានថាមពលអគ្គិសនីទំហំ១.២៨៥​មេហ្កាវ៉ាត់ ក្រោយពីទំនប់វារីអគ្គិសនី​ដំបូង​គេនេះ​ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ​២០១៩ ហើយ​ប្រទេសថៃ កាលពីខែធ្នូឆ្នាំមុន បានឯក​ភាព​ទទួលទិញថាមពលអគ្គិសនីពីរោង​ចក្រ​មួយ​នេះ​ចំនួន៩៥ភាគរយ ៕

ចម្លងអត្ថបទទាំងស្រុងពី កោះសន្តិភាព

No comments:

Post a Comment