ស្នាមញញឹមដ៏រាក់ទាក់របស់ពលរដ្ឋកម្ពុជាគឺជាទ្រព្យដ៏ថ្លៃថ្លាសម្រាប់
ទាក់ទាញកំណើនភ្ញៀវទេសចរបរទេសចូលមកកាន់ព្រះរាជាណាចក្រនេះ។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា
បានចំណាយពេលវេលារបស់លោកផ្តល់នូវបទសម្ភាស ជាមួយ លោក Stuart Alan Becker (ស្ទួត អេឡេន បេឃ័រ) ការីនិពន្ធរបស់កាសែតភ្នំពេញ ប៉ុស្តិ៍
អំពីសារៈសំខាន់នៃរតនវត្ថុដែលកំពុងតែរួមចំណែកដល់ការអភិវឌ្ឍ
វិស័យឧស្សាហកម្មទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងនិន្នាការខ្លះៗ
ទាក់ទិននឹងភ្ញៀវទេសចរបរទេសដែលមកទស្សនាទឹកដីដ៏ស្រស់បវរនេះ។
តើវាមានសារៈសំខាន់យ៉ាងណាការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ២០១៣នេះ?
ខ្ញុំគិតថា នេះគឺជាឱកាសមួយដ៏ប្រពៃ
និងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺ
សម្រាប់ផ្នែកឧស្សាហកម្មទេសចរណ៍
ពោលគឺវាមិនមែនសំខាន់ត្រឹមតែកិច្ចការទាក់ទងនឹងវប្បធម៌ប៉ុណ្ណោះទេ
កិច្ចប្រជុំនេះគឺវាមានអត្ថន័យខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍។
តើកន្លែងណាជាកន្លែងដែលល្បីល្បាញបំផុតនៅកម្ពុជាសម្រាប់ភ្ញៀវទេសចរទៅទស្សនា?
អង្គរវត្ត គឺជាគោលដៅទីមួយ
ពោលគឺមានភ្ញៀវទេសចរប្រមាណជាង៣០ភាគរយ
ដែលគេមកទស្សនាត្រឹមតែខេត្តសៀមរាប ដែលសំដៅចំពោះប្រាសាទអង្គរវត្តតែម្តង។
តើមានជើងហោះហើរពីទីណាខ្លះមកកាន់ខេត្តសៀមរាប?
ជើងហោះហើរត្រង់សំដៅមកខេត្តសៀមរាបគឺមានមកពីទីក្រុងបាងកក
ហូជីមិញ ហាណូយ វៀងចន្ទន៍ ប៉ាកសេ សិង្ហបុរី គូឡាឡាំពួ សេអ៊ូល និងក្វាវចូវ។
ក្រៅពីជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា លោក ក៏ជាអ្នកចាត់ការទូទៅ និងជាប្រធានក្រុមហ៊ុនទេសចរណ៍មហាអង្គរដូច្នេះសំណួរ ថាតើសេវាកម្មទេសចរណ៍អ្វីខ្លះដែលលោកបានផ្តល់? ហើយតើពេលណាជាពេល ដែលមានភ្ញៀវច្រើន ហើយកន្លែង ណាខ្លះដែលល្បីហើយភ្ញៀវចង់ទៅទស្សនា?
យើងបានផ្តល់នូវសេវាកម្មបែបក្លាស៊ិក ដូចជា
ដំណើរទេសចរណ៍តាមតំបន់បេតិកភណ្ឌ ដែលយើងកំពុងផ្តល់ពីរយៈពេល៣ថ្ងៃទៅ
២សប្តាហ៍។ ជួនកាល សេវាកម្មនេះគឺចាប់ផ្តើមចេញមកតាំងពីព្រំដែនឡាវ
ជួនកាលចាប់ផ្តើមមកពីខេត្តសៀមរាប
និងជួនកាលទៀតគឺចាប់ផ្តើមចេញពីភ្នំពេញ។ ភ្ញៀវទេសចរអាចនឹងចំណាយពេលវេលាពីរយប់នៅភ្នំពេញ
៣ឬ៤យប់ នៅសៀមរាបអង្គរ ឬជួនកាល គឺ២យប់នៅបាត់ដំបង
ហើយជួនកាលក៏នៅខេត្តព្រះសីហនុ ពី២យប់ទៅ៣យប់ក៏មានដែរ។
ដំណើរកម្សាន្តតាមរបៀបនេះ គឺអាចមានតម្លៃប្រមាណជា
ចាប់ពី៨០០ដុល្លារទៅដល់ ១.៥០០ដុល្លារ។ ជាប្រក្រតីភ្ញៀវទេសចរបែបនេះ
គឺធ្វើដំណើរទេសចរណ៍តាមរថយន្តក្រុងហើយ តម្លៃវិញ
គឺផ្អែកទៅតាមចំនួនមនុស្ស និងគុណភាពនៃសេវាកម្ម សណ្ឋាគារ
និងម្ហូបអាហារដែលពួកគេចង់បាន។
តើភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាមកពីទីណាខ្លះ?
កាលពីឆ្នាំទៅ(២០១២) នៅទូទាំងប្រទេស
ភ្ញៀវទេសចរវៀតណាមជាប់លំដាប់ថ្នាក់ទី១ បន្ទាប់ មកគឺចិន ជាប់លំដាប់ទី២
កូរ៉េទី៣ ជប៉ុនទី៤ និងឡាវ ទី៥។
ភ្ញៀវទេសចរពីឡាវមានការកើនខ្ពស់ខ្លាំងមែនទែន។ ភ្ញៀវទេសចរពីបារាំង
អង់គ្លេស អាមេរិក ទាំងអស់នេះគឺស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជាច្រើនជាងគេផងដែរ។
តើភ្ញៀវទេសចរមកពីប្រទេសណាដែលលោកឃើញថា មានកំណើនខ្ពស់ជាងគេ?
ភ្ញៀវទេសចរជនជាតិឡាវ កំពុងមានសន្ទុះកើនឡើងខ្លាំងមែនទែន
បន្ទាប់មកគឺវៀតណាម លំដាប់ទី២ និងចិននៅទី៣។
ពេលដែលលោកនៅក្នុងវ័យ កុមារ
លោករស់នៅក្នុងសម័យខ្មែរក្រហម ហើយឪពុករបស់លោក បានស្លាប់ដោយអត់ឃ្លាន
ហើយឥឡូវនេះ ការងាររបស់លោកកំពុងតែប្រសើរឡើង
ដោយលោកគឺជាឪពុករបស់កុមារពីររូប ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនរបស់លោក
មានមនុស្សចំនួន១០នាក់ កំពុងបំពេញការងារជាមួយលោក ដូច្នេះតើលោកយល់ឃើញយ៉ាងដូចម្តេចដែរ ចំពោះអនាគតសម្រាប់កម្ពុជា?
ខ្ញុំពិតជាមានអារម្មណ៍វិជ្ជមានជាប្រាកដអំពីកំណើននៃវិស័យទេសចរណ៍
នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមានជំនឿជឿជាក់ថា
វិស័យទេសចរណ៍នៅក្នុងប្រទេសនឹងបន្តកើនឡើងស្របទៅតាមទស្សនវិស័យរបស់ក្រសួងទេសចរណ៍
ហើយកើនឡើង កាន់តែខ្លាំងថែមទៀត ដោយសារតែរមណីដ្ឋានទេសចរណ៍នីមួយៗ
នៅក្នុងប្រទេសកម្ពុជា
គឺជារមណីយដ្ឋានល្អឯកពិតប្រាកដហើយល្បីល្បាញជាអន្តរជាតិ។
ជាក់ស្តែងប្រាសាទអង្គរវត្ត
គឺមិនគ្រាន់តែជាសម្បតិ្តបេតិកភណ្ឌពិភពលោកតែមួយនោះទេ
ប៉ុន្តែប្រាសាទអង្គរវត្ត ក៏ជាអច្ឆរិយៈមួយនៅក្នុងចំណោម អច្ឆរិយៈទាំង៧
នៅលើពិភពលោក។
តើកន្លែងណាផ្សេងទៀតដែលភ្ញៀវភាគច្រើនគេទៅទស្សនា?
អង្គរវត្តនៅខេត្តសៀមរាប ប្រាសាទព្រះវិហារ កោះកេរ
នៅក្នុងខេត្តព្រះវិហារ ប្រាសាទបឹងមាលា នៅជិតខេត្តសៀមរាប បន្ទាយឆ្មារ
នៅខេត្តបន្ទាយមានជ័យ ប្រាសាទព្រះខ័នកំពង់ស្វាយ
ដែលនៅក្នុងខេត្តព្រះវិហារ ផងដែរ។
នៅខេត្តតាកែវ គឺជាប្រភពនៃអារ្យធម៌ដ៏ចំណាស់របស់កម្ពុជា
ទីនោះមានប្រាសាទបុរាណមុនសម័យអង្គរដ៏ល្បីល្បាញដែលមានតាំងពីសតវត្សរ៍ទី៥។
ក្រៅពីនេះយើងក៏មានសម្បត្តិធម្មជាតិជាឆ្នេរសមុទ្រស្រស់ស្អាតនៅភាគខាងត្បូងប្រទេស។
ភ្ញៀវទេសចរ
របស់យើងតែងតែរីករាយជាមួយនឹងទស្សនីយភាពនៅតំបន់ឆ្នេរនាខេត្តព្រះសីហនុ
កំពូលភ្នំបូកគោ នៅកំពត និងព្រៃកោងកាងដែលមានប្រមាណ ជាង៥ម៉ឺនហិកតា។
យើងមានរមណីយដ្ឋានអេកូទេសចរណ៍នៅជុំវិញតំបន់ភ្នំ
ដែលលាតសន្ធឹងពីខេត្តកោះកុង ដល់ខេត្តព្រះសីហនុ
និងតាមជួរភ្នំក្រវាញនៅជាប់នឹងតំបន់ឆ្នេរផងដែរ។
នៅឯ ភាគឦសាននៃប្រទេស កម្ពុជា
យើងក៏មានតំបន់អេកូទេសចរណ៍នៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។
យើងក៏មានខ្សែចង្វាក់ដំណើរកម្សាន្តនៅតាមបណ្តោយដងទន្លេមេគង្គ
ចាប់ពីព្រំដែនឡាវ រហូតដល់ខេត្តក្រចេះ ដែលគួរជាទីចាប់អារម្មណ៍
ដោយសារទេសភាពស្រស់ត្រកាល ហើយអ្វីដែលភ្ញៀវទេសចរចាប់អារម្មណ៍បំផុតនោះ
គឺពួកគេអាចទស្សនាត្រីផ្សោតទន្លេមេគង្គដ៏កម្របានដោយងាយផងដែរ។
ប្រសិនបើលោកក្រឡេកមើលទីកន្លែងទាំងអស់នោះ តើកន្លែង ណាជាកន្លែងដែលមានកំណើនខ្ពស់ជាងគេ?
តំបន់ឆ្នេរនៅខេត្តព្រះសីហនុ និងតំបន់នៅភូមិភាគឦសាន
គឺកំពុងមានសន្ទុះភាគរយកើនឡើងខ្ពស់។ នៅភូមិភាគឦសាន
យើងនៅត្រូវការហេដ្ឋារចនាសម្ព័ន្ធច្រើនឡើងថែមទៀត ដូចជា សណ្ឋាគារ
ភោជនីយដ្ឋាន ជាដើម។
ខេត្តបាត់ដំបងក៏ជាទីកន្លែងដែលកំពុងមានកំណើនភ្ញៀវទេសចរផងដែរ។
ដោយឡែកបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប ក៏ជាកន្លែងដែលយើងរំពឹងថា
នឹងទទួលបានអត្រាភ្ញៀវកើនឡើងផងដែរ។
តើអ្វីទៅដែលជាបញ្ហាប្រឈមសម្រាប់វិស័យឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា?
យើងត្រូវការកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធរបស់យើង។
បណ្តាញផ្លូវថ្នល់គឺមានហើយ តែគុណភាពត្រូវការកែលំអរបន្ថែមទៀត។
យើងក៏ត្រូវការឲ្យមានជើងហោះហើរទៅអឺរ៉ុប ទៅអាមេរិក និងទៅជប៉ុន
ឲ្យបានច្រើន។ ឥឡូវនេះយើងមានអ៊ែរបឺឡិន
គឺមានជើងហោះហើរដោយផ្ទាល់មកកាន់ខេត្តសៀមរាប យើងក៏មានកាតាអ៊ែរវ៉េ
ហោះហើរត្រង់មកភ្នំពេញ ផងដែរ
តែយើងក៏ត្រូវការមានជើងហោះហើរពីឥណ្ឌាផងដែរ។
ឥឡូវនេះយើងមានជើងហោះហើរទៅចិន មានចំនួនច្រើន
តែយើងត្រូវការបន្ថែមទៀត។សមាគមន៍ទីភ្នាក់ងារទេសចរណ៍របស់យើង
ក៏ត្រូវការកែលម្អទៀត ផងដែរ ហើយខ្ញុំគិតថា
យើងត្រូវការនូវការផ្សព្វផ្សាយច្រើនថែមទៀតហើយក៏ត្រូវការថវិកាពីរដ្ឋាភិបាលដើម្បីជំរុញការផ្សព្វផ្សាយនេះផងដែរ។
តើអ្វីទៅដែលជាសារៈសំខាន់នៃបេតិកភណ្ឌរបស់កម្ពុជា
?
បេតិកភណ្ឌរបស់យើងគឺជាស្នាដៃឯកនៃមហាប្រាសាទសិលាជាច្រើននៅក្នុងចំណោមស្នាដៃឯកនានារបស់មនុស្សជាតិហើយមនុស្សទាំងឡាយគេត្រូវតែមកមើលឲ្យឃើញដោយផ្ទាល់ភ្នែក។
បេតិកភណ្ឌគឺជាអរិយធម៌ដ៏អស្ចារ្យមួយដែលគេអាចនឹងឃើញភ័ស្តុតាងពីអតីតកាលជាក់ស្តែងបាន។
បុព្វបុរសរបស់យើងដែលបានកសាងប្រាសាទរយពាន់ទាំងនេះ
គឺនៅតែបន្តស្ថិតនៅជាម្លប់នៅតាមប្រាសាទទាំងនោះ។
នៅពីរ៉ាមីតប្រជាពលរដ្ឋជិតឆ្ងាយជាច្រើន គឺជាភ្ញៀវទេសចរថ្មីរបស់គេព្រោះការផ្សព្វផ្សាយរបស់គេទូលំទូលាយណាស់
ប៉ុន្តែយើងនៅកម្ពុជាគឺនៅតែកម្ពុជានៅឡើយ។
តើអ្វីដែលលោកគិតថាជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់កម្ពុជា?
ប្រាកដណាស់ ទ្រព្យសម្បតិ្តនោះ គឺប្រជាពលរដ្ឋកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជាគឺជាប្រជាពលរដ្ឋដែលមានស្នាមញញឹមស្រស់ស្រាយ
និងស្មោះត្រង់។ គុណវឌ្ឍន៍នៃស្នាមញញឹមនេះ គឺពិបាករកណាស់។
ប្រជាពលរដ្ឋកម្ពុជាជាទូទៅគឺសម្បូរស្នាមញញឹម
ពោលគឺមិនមែនតែអ្នកដែលធ្វើការនៅក្នុងវិស័យទេសចរណ៍នោះទេ។
ភ្ញៀវទេសចរអាចនឹងរកឃើញស្នាមញញឹមនេះយ៉ាងងាយស្រួល នៅតាមតំបន់ជនបទ
តាមបណ្តោយដងទន្លេ តាមបណ្តោយផ្លូវ ហើយសូម្បីតែពួកគេកំពុងជិះក្របី
ក៏ពួកគេអាចផ្តល់នូវស្នាមញញឹមរាក់ទាក់ដ៏ស្រស់ស្រាយទៅកាន់ភ្ញៀវទេសចរទាំងឡាយផងដែរ។
តើការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលអ្វី?
យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ កែលម្អ
និងឈានឡើងទៅមួយកម្រិត ទៀត។
ការរីកចម្រើនរបស់ជាតិគឺវាដើរតាមការរីកចម្រើននៃសង្គមមនុស្សកម្ពុជា៕ MN