បញ្ចូលអត្ថបទ ៖ ស្រីណា កោះ ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៤២
ខេត្តកំពង់ចាម ៖ ពីខេត្តកំពង់ចាមមានសេចក្តីរាយការណ៏មកថា នៅព្រឹកថ្ងៃទី២៩ មិថុនា ២០១២នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីតាមបណ្តាស្រុក ដែលស្ថិតនៅតាមដងទន្លេមេគង្គច្រើនជាង៣០០អង្គ-នាក់ បានដង្ហែក្បួនចេញពីវត្តអង្គរបាជ័យ ឆ្ពោះមកជួបជុំគ្នានៅមាត់ទន្លេក្រោមស្ពានគីហ្សូណា ក្នុងទីរួមខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងប្រទេសឡាវដែលគ្រោងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបូរី ។
គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី២៥ មីនា ២០១១កន្លងទៅ គណៈកម្មការទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ និងថៃ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាគ្នាអំពីកង្វល់ និងផលប៉ះពាល់នានានៃគម្រោងសាងសង់ទំនប់នេះ។ ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលចំនួន២៦៣ មកពី៥១ប្រទេសបានផ្ញើលិខិតរួមមួយស្នើសុំឲ្យប្រទេសឡាវ លុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គដែលមានប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយកាលពីខែមេសាឆ្នាំ១៩៩៥ លើកិច្ចព្រមព្រៀងស្ដីពីការប្រើទឹកទន្លេមេគង្គដោយយុត្តិធម៌ និងសមធម៌ ដែលកិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍទឹកឲ្យសមធម៌។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងបានសរសេរថា ការប្រើប្រាស់ទឹកនៅលើទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បីឈានទៅរកការឯកភាពគ្នា ។ មិនត្រូវរំលោភសិទ្ធិទៅលើប្រទេសដទៃនោះទេ ក្នុងការប្រើប្រាស់ទឹកទន្លេ ទោះបីជានៅក្នុងក្របខណ្ឌនៃប្រទេសរបស់ខ្លួននោះក្ដី ។
ទំនប់វារីអគ្គិសនីសាយ៉ាបុរីតម្លៃ៣,៥ពាន់លានដុល្លារ ដែលកាន់កាប់ភាគហ៊ុនភាគច្រើនដោយក្រុមហ៊ុនថៃ ត្រូវបានគេរំពឹងថានឹងផលិតបានថាមពលអគ្គិសនីទំហំ១.២៨៥មេហ្កាវ៉ាត់ ក្រោយពីទំនប់វារីអគ្គិសនីដំបូងគេនេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ២០១៩ ហើយប្រទេសថៃ កាលពីខែធ្នូឆ្នាំមុន បានឯកភាពទទួលទិញថាមពលអគ្គិសនីពីរោងចក្រមួយនេះចំនួន៩៥ភាគរយ ៕
ចម្លងអត្ថបទទាំងស្រុងពី កោះសន្តិភាព