Tuesday, 6 November 2012

សម្តេចតេជោ ណែនាំដល់និស្សិត អាហារូបករណ៍ នៅឡាវ បង្កើនការ ប្រកួតប្រជែង ក្នុងការទទួលបាន នូវចំណេះដឹង

សម្តេចតេជោ ណែនាំដល់និស្សិត អាហារូបករណ៍ នៅឡាវ បង្កើនការ ប្រកួតប្រជែង ក្នុងការទទួលបាន នូវចំណេះដឹង
 
ឡាវៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតអាហា រូបករណ៍កម្ពុជា ចំនួន៤២រូប ដែលកំពុងសិក្សាអក្សរសាស្រ្តឡាវ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសំណេះសំណាល សំដែងការគួរសមនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២។
ពិធីសំណេះសំណាល ត្រូវបានប្រារព្វធ្វើឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងទី ក្រុងវៀងចន្ទ័ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឡាវជាច្រើនរូប។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះនិស្សិតអាហារូបករណ៍ កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្នាក់នៅសិក្សារៀនសូត្រ ប្រកបដោយលទ្ធ ផលដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀន សូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អជាមួយសាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយនឹង បងប្អូនប្រជាពលរដ្ឋឡាវផ្ទាល់តែម្តង។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ ឲ្យបន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារពីគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុង ការសិក្សានាពេលបច្ចុប្បន្ន និងទៅអនាគត។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការដាស់តឿនដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័យ និង សេចក្តីថ្នៃថ្នូរ ក្នុងការសិក្សារៀនសូត្រត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ការសិក្សា និងការ ស្នាក់នៅ។ មួយផ្នែកទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឲ្យបានច្រើន និងទូលំទូលាយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវមានមនសិកាសាមគ្គីគ្នាក្នុង ការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនឹងកម្មវិធីសិក្សា ពិសេសការរីកចម្រើនក្នុងអាស៊ាន ក៏ ដូចជាការវិវឌ្ឍន៍ នៃសភាពការណ៍ពិភពលោក។ ដោយសារតែឆ្នាំ២០១៥ គឺជាឆ្នាំដែលសហគមន៍អាស៊ាន ចាប់ បដិសន្ធិពេញរូបរាងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ឲ្យបង្កើន ការប្រកួតប្រជែង និងប្រៀបឈ្នះ ក្នុងការទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ក្នុងការដណ្តើមឧត្តម ភាពលើទីផ្សារការងារសម្រាប់អនាគតរបស់បុគ្គលម្នាក់ៗ និងសម្រាប់ការអភិវឌ្ឍតំបន់របស់យើងឲ្យកាន់តែរីក ចម្រើនថែមទៀត។
លោក យី ដន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ មានប្រសាសន៍ថា និស្សិអាហារូបករណ៍កម្ពុជា ដែល កំពុងសិក្សានៅសកលវិទ្យាល័យជាតិឡាវ មានចំនួន ៤២នាក់ ក្នុងនោះនារី២នាក់ សិក្សាលើមុខជំនាញដូចជា ភាសា និងអក្សរសាស្រ្តាឡាវ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម សំណង់ស៊ីវិល ស្ថាបត្យកម្ម សេដ្ឋកិច្ចជនបទ និង ព័ត៌មានវិជ្ជា។
លោកបន្តថា និស្សិតម្នាក់ ក្នុងចំណោមនិស្សិតទាំង៤២រូប កំពុងត្រៀមចូលរៀនថ្នាក់អនុបណ្ឌិតភាសា និងអក្សរ សាស្រ្តាឡាវ។ ជាមួយគ្នានេះ នៅដើមខែមករា ឆ្នាំ២០១៣ខាងមុខ និងមាននិស្សិតអាហារូបករណ៍កម្ពុជាចំនួន ចំនួន ១០នាក់បន្ថែមទៀត និងមកសិក្សានៅសកលវិទ្យាល័យជាតិឡាវ។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំយកនូវថវិកាមួយចំនួន ចែកជូន ដល់និស្សិតអាហារូបករណ៍ទាំង៤២រូបផងដែរ៕
Photo by DAP-NEWS
 
តំណផ្ទាល់ពី DAP-News

No comments:

Post a Comment