ដោយ រដ្ឋា វិសាល
ប្រជាពលរដ្ឋជាជនជាតិឡាវ មួយចំនួន បានមករស់នៅប្រទេសកម្ពុជា យើងតាំងពីសម័យអាណានិគមនិយមបារាំង មក។ រហូតបច្ចុប្បន្ន ជនជាតិឡាវ ទាំងនោះបានបង្កើតកូនចៅច្រើនជំនាន់ និងរស់នៅប្រទេសកម្ពុជា ជាទីកំណើតរបស់ខ្លួន ជាពិសេសជនជាតិឡាវ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ជនជាតិឡាវ កំណើតខ្មែរទាំងនោះ តែងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីស្របគ្នា និងពលរដ្ឋខ្មែរដែរ។ តើប្រជាពលរដ្ឋជនជាតិឡាវ ទាំងនោះមានប្រពៃណីចូលឆ្នាំបែបណាខ្លះ?
ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។ ប្រជាពលរដ្ឋជនជាតិឡាវ មួយចំនួន បានមករស់នៅតំបន់នោះតាំងពីទសវត្សឆ្នាំ១៩៤០ រហូតមក។ នៅផ្នែកខ្លះនៃស្រុក ឬឃុំមួយចំនួននៃខេត្តទាំងពីរ បានក្លាយជាទឹកដីកំណើតរបស់ជនជាតិឡាវ ទាំងនោះច្រើនជំនាន់ ប៉ុន្តែពួកគេនៅតែប្រើប្រាស់ភាសាឡាវ ស្ទើរ ១០០% នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជនជាតិឡាវ កំណើតខ្មែរក្រៅពីប្រកាន់ខ្ជាប់និយាយភាសាឡាវ ពួកគេបានប្រកាន់ប្រពៃណីបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៤ ខែមេសា រៀងរាល់ឆ្នាំដូចពលរដ្ឋខ្មែរ ប៉ុន្តែនៅតាមភូមិ ឃុំខ្លះ ដែលមានពលរដ្ឋឡាវ រស់នៅ គេនាំគ្នាប្រារព្ធពិធីចូលឆ្នាំមានរយៈពេលមួយសប្ដាហ៍ទើបបញ្ចប់។
អតីតអាចារ្យវត្តស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវ កំណើតខ្មែរមានលក្ខណៈដូចគ្នាច្រើនទៅនឹងប្រពៃណីចូលឆ្នាំរបស់ពលរដ្ឋខ្មែរដែរ។ អ្នកភូមិនាំគ្នាវេចអន្សម យកចង្ហាន់ទៅវត្ត ស្រង់ព្រះ ស្រង់ទឹកជូនឪពុកម្តាយចាស់ទុំ ពិធីពួនភ្នំខ្សាច់ ពិធីហែផ្កាប្រមូលបច្ច័យប្រគេនព្រះសង្ឃ ការលេងល្បែងប្រជាប្រិយ បោះអង្គញ់ ចោលឈូង និងការលេងលាបម្សៅ ឬលាបធ្យូងជាដើម។ លោកបន្តថា រហូតបច្ចុប្បន្ន នៅតាមភូមិឃុំខ្លះ បានបោះបង់ប្រពៃណីស្រង់ទឹកជូនចាស់ៗ ឬការលេងល្បែងប្រជាប្រិយ ហើយនិយមរាំលេងមានតន្ត្រី ឬចាក់ភ្លេងរាំតាមបែបសម័យ៖ «ឃុំស្រែគរ ពួកខ្ញុំ ៧ថ្ងៃនោះ គេហែដាក់ផ្កាលុយស្រែគរមួយ ស្រែគរពីរ ដើម្បីប្រមូលថវិកាចូលវត្ត ចាប់ពីចុងភូមិរហូតដល់វត្ត ហើយគេហែប្រជែងគ្នា»។
ចំណែកប្រជាពលរដ្ឋឡាវ កំណើតខ្មែររស់នៅភូមិប៉ុង ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី អ្នកស្រី ហ្វយ សុត បានកត់សម្គាល់ដែរថា ពលរដ្ឋខ្មែរកំណើតឡាវ មានប្រពៃណីទទួលទេវតាថ្មីដូចពលរដ្ឋខ្មែរដែរ គឺនៅតាមផ្ទះរៀងៗខ្លួន មិនថាអ្នកមានអ្នកក្រទេ ប្រជាពលរដ្ឋបានរៀបចំតុដាក់ផ្លែឈើនំអន្សម ភេសជ្ជៈ ផ្កា និងដុតទៀនធូបទទួលទេវតាថ្មី ទៅតាមកម្រិតធនធានទ្រព្យសម្បត្តិដែលពួកគេអាចទិញសម្រាប់ចូលរួមទទួលទេវតាឆ្នាំថ្មី។ អ្នកស្រីបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺនាពេលបច្ចុប្បន្ន ពលរដ្ឋឡាវ កំណើតខ្មែរភាគច្រើន បានបោះបង់ប្រពៃណីលេងល្បែងប្រជាប្រិយ ហើយនិយមជួបជុំគ្នាផឹកស៊ីជាក្រុមៗ ឬលេងល្បែងស៊ីសងនៅពេលបុណ្យចូលឆ្នាំវិញ៖ «ប៉ុន្មានឆ្នាំមកហ្នឹង បោះបង់ច្រើនណាស់ សង្គមចាស់ យើងណា! កាលមុនយើងមានទាញព្រ័ត្រ លាក់កន្សែង ខ្លែងស៊ីកូនមាន់ ហើយអង្គញ់បោះឈូង។ ប្រពៃណីកាលមុន មិនសូវផឹកស៊ីទេ។ឥឡូវ អត់មែនអ៊ីចឹងទេ តាំងពីថ្ងៃគេលេងគេផឹកៗគ្មានបានលេងសើចទេ សុទ្ធតែផឹករហូត»។
អតីតប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី លោក អឿង សារិ ដែលមានកំណើតជនជាតិឡាវ មួយរូបដែរ មានប្រសាសន៍បញ្ជាក់ថា នៅតំបន់មួយចំនួននៃស្រុកលំផាត់ ប្រជាពលរដ្ឋជនជាតិឡាវរស់នៅតំបន់នោះមានប្រពៃណីចូលឆ្នាំប្លែកខ្លះពីពលរដ្ឋខ្មែរ គឺប្រពៃណីយកអំបោះចងដៃសុំសេចក្តីសុខសប្បាយគ្រប់ក្រុមគ្រួសារ នៅតាមភូមិ និងប្រពៃណីនាំគ្នាទៅកាច់ផ្កាព្រៃហែប្រមូលប្រាក់ប្រគេនព្រះសង្ឃ និងថ្វាយព្រះក្នុងវត្ត។ លោកបន្តថា ប្រជាពលរដ្ឋកំណើតឡាវ ក៏ជាអ្នកប្រកាន់ខ្ជាប់ជំនឿជាមួយព្រះពុទ្ធសាសនា ដូចពលរដ្ឋខ្មែរដែរ ហេតុនេះពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវ នៅកម្ពុជា បានផ្សារភ្ជាប់ជាមួយវត្តអារាម និងព្រះសង្ឃ៖ «ថ្ងៃទីពីរហ្នឹង គឺគេដើរចងដៃតាមផ្ទះគ្រប់ផ្ទះទាំងអស់ ចងដៃមានសិរីសួស្តីចូលឆ្នាំថ្មី ហើយនៅថ្ងៃទីបី គេនាំគ្នាទៅបេះផ្កាព្រៃចង ហើយមានផ្កាមានលុយដើរហែ ហើយប្រជាពលរដ្ឋគេចូលរួមបុណ្យទានហ្នឹង យកមកប្រគេនដល់ព្រះសង្ឃ»។
ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរី លោក អ៊ួង ស្រេង មានប្រសាសន៍បញ្ជាក់ដែរថា ជនជាតិឡាវ ក៏ដូចជនជាតិខ្មែរដែរ គឺបុព្វបុរសពីសម័យមុនបានបន្សល់វប្បធម៌ទំនៀមទម្លាប់ល្អសម្រាប់ប្រជាពលរដ្ឋប្រតិបត្តិ និងលេងកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំ។ លោកបន្តថា ថ្វីត្បិតមានប្រជាពលរដ្ឋខ្មែរឡាវខ្លះបានបោះបង់ប្រពៃណីល្អក្តី ក៏រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ នៅតែយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបន្តរៀបចំបុណ្យចូលឆ្នាំ ដោយផ្សារភ្ជាប់ជាមួយវប្បធម៌ និងប្រពៃណីបម្រើឲ្យផលប្រយោជន៍សង្គម៖ «ឥឡូវនេះ ខ្ញុំបានចាត់តាំងកម្លាំងមានរៀបចំភ្លេងប្រពៃណី មានរៀបចំអង្គញ់ រៀបចំឈូងឲ្យពួកខ្ញុំចុះទៅលេងនៅតាមតំបន់រមណីយដ្ឋាន ដើម្បីឲ្យបងប្អូនយើងគាត់បានលេងសប្បាយជាមួយគ្នាឲ្យដឹងពីរបាំប្រពៃណីរបស់ខ្មែរយើង»។
ព្រះមេគណខេត្តរតនគិរី ព្រះនាម ជិន ប៉ៃ មានពុទ្ធដីកាថា ប្រទេសដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្របគ្នានឹងប្រទេសកម្ពុជា គឺមានប្រទេសឡាវ និងប្រទេសថៃ ប៉ុន្តែអ្វីដែលព្រះអង្គកត់សម្គាល់ មិនថាប្រជាពលរដ្ឋឡាវ ថៃ ឬខ្មែរ ទេ ជាពិសេសយុវវ័យមួយចំនួនសម័យបច្ចុប្បន្ន បាននាំគ្នាបោះបង់ប្រពៃណីល្អរបស់សង្គមជាតិ ហើយចាប់យកវប្បធម៌មិនប្រសើរសម្រាប់ការកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យចូលឆ្នាំ។ ព្រះអង្គអំពាវនាវឲ្យពលរដ្ឋនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំជាមួយប្រពៃណីល្អៗ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សុវត្ថិភាព និងថែរក្សាវប្បធម៌ជាតិ៖ «ពរ ចង់បានអ៊ីចឹងហើយ ចង់ឲ្យមកលេងនៅវត្តលេងឈូង ទាត់សី ទាញព្រ័ត្រសប្បាយក្នុងវត្តដូចពីដើមហ្នឹងណា!»។
នៅខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋឡាវ កំណើតខ្មែរ រស់នៅប្រមាណ ៥០% នៃពលរដ្ឋក្នុងខេត្តសរុប។ ចំណែកនៅខេត្តរតនគិរី មានជនជាតិឡាវ កំណើតខ្មែរ ប្រមាណតែ ២០% ទៅ ៣០% នៃពលរដ្ឋសរុបក្នុងខេត្ត៕
Source: http://www.rfa.org/khmer/news/culture/new-year-of-lao-people-in-steungstreng-and-rattankiri-04142013042248.html
Source: http://www.rfa.org/khmer/news/culture/new-year-of-lao-people-in-steungstreng-and-rattankiri-04142013042248.html
No comments:
Post a Comment